ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងនាំយកទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ឋិតក្នុងទឹកដីខេត្តសៀមរាប - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Tuesday, September 13, 2022

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងនាំយកទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ឋិតក្នុងទឹកដីខេត្តសៀមរាប

សៀមរាប៖ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងនាំយកទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្តដែលរួមមាន៖ វត្តព្រះព្រហ្មរ័ត្ន វត្តព្រះរាជដំណាក់ វត្តព្រះរាជបូព៌ វត្តឥន្ទបត្តបុរីអង្គរខាងត្បូង វត្តឥន្ទបត្តបុរីអង្គរខាងជើង វត្តព្រះអង្គគោកធ្លក និងទីសក្ការបូជាព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។  


ពិធីប្រគេនទេយ្យវត្ថុនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីប្រគេនព្រះសង្ឃដែលកំពុងចាំព្រះវស្សារយៈពេល៣ខែផង និងក្នុងឱកាសនៃរដូវកាន់បិណ្ឌ-ភ្ជុំ តាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរផងដែរ។


ទេយ្យវត្ថុដែលត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃចំនួន ៧ វត្ត នាឱកាសនោះ ក្នុងមួយវត្តទទួលបានទៀនព្រះវស្សា ផ្កាឈូក ផ្កាម្លិះ ផ្លែឈើ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកក្រូច អង្ករ ប្រេងឆា សាដក ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង ខ្ទឹម តែ ទឹកដោះគោ និងមី ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


គួរកត់សម្គាល់ថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែដឹកនាំគណៈប្រតិភូរួមមាន៖ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅ តាមវត្ដអារាមនានា ដើម្បីចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនាដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ដោយហេតុថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះ ស្រឡាញ់រាប់អាន ជួយយកអាសារគ្នា សាមគ្គីភាពរឹងមាំ និងនាំឱ្យសង្គមរស់នៅដោយសុខដុមរម្យនាផងដែរ៕





 

No comments:

Post a Comment

Pages