ជំនួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Thursday, August 18, 2022

ជំនួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។


ជាកិច្ចចាប់ផ្តើម លោកជំទាវឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីពាក់ព័ន្ធទៅនឹងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជាត្រូវបានបញ្ចប់ គ្រោងនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុង ពេលឆាប់ៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អ កន្លងមករវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ លោកជំទាវបានលើកឡើងអំពីការផ្តល់អាហារូបករណ៍រយៈពេលខ្លីតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ដល់កម្ពុជា តាមរយៈកម្មវិធីភាពជាអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន ក្រោមការឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស។ 

  

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផែនការមេគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស និងការបន្តជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។ 


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ ក៏ដូចជា ពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ 


ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជនផងដែរ។ 


បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីគម្រោងដាក់ដំណើរការជាបណ្ដោះ អាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ(Expressway PP-SHV) នៅដើមតុលា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនអាចប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ៕









 

No comments:

Post a Comment

Pages